កំពូលកុនលស់ព្រលឹងទាំង ១០ របស់បិតាប្រលោមលោកតក់ស្លុត Stephen King! (ហាមអានពេលនៅម្នាក់ឯង)

0
3301

អ្នកដែលចូលចិត្តទស្សនារឿងរន្ធត់ៗ ​ពិតជាចង់ដឹងហើយថា ​តើមានសាច់រឿងអ្វីខ្លះល្អមើល ​រន្ធត់គួរឱ្យចង់ញាក់សាច់? ចំពោះអ្នកដែលចូលចិត្តមើលរឿងរន្ធត់ប្រាកដណាស់ថាពិតជាមិនអាចរំលងបិតាប្រលោមលោករន្ធត់ ​Stephen King នោះឡើយ ហើយអ្នកប្រហែលគិតថា IT ជាស្នាដៃទី១របស់ Stephen King ដែលអ្នកបានទស្សនា តែអ្នកអាចនឹងយល់ខុស ព្រោះមានរឿងជាច្រើនដែលជាស្នាដៃរបស់លោកសុទ្ធតែខ្លឹមៗញាក់សាច់ញ័រប្រាណ។

 

តោះថ្ងៃនេះ ពោតផ្ទុះនឹងពាំនាំភាពយន្ត១០ទៀតដែលអ្នកមិនដឹងថា មនុស្សមិនតិចលាននាក់ទេ ដែលលេចនោមដោយសារកុនដែលផលិតចេញពីប្រលោមលោកដ៏ល្បីខាងក្រោម៖

1.THE SHINING :  ថ្លែងពីបុរសអ្នកនិពន្ធប្រលោមលោកម្នាក់ នាំកូនប្រុសតូច និង ភរិយា ទៅស្នាក់នៅអូតែលដ៏គួរអោយខ្លាចមួយនៅកណ្តាលវាលទឹកកកដាច់ស្រយាល។ រាត្រីដែលពោពេញដោយព្យុះ ឆ្លងកាត់ច្រើនថ្ងៃ កុមារតូចរកឃើញថា សណ្ឋាគារដ៏អ៊ូអរដោយភ្ញៀវ ការពិតមានភ្ញៀវឯណាលោក ហើយឪពុករោគចិត្ត បែកគំនិត កាន់ពូថៅ ដេញកាប់កូន និង ប្រពន្ធក្នុងសណ្ឋាគារខ្មោចដ៏ធំមហាសាលដែលគ្មាននរណាស្នាក់នៅសូម្បីតែម្នាក់។ តើអាចរត់រួចទេ បើនៅខាងក្រៅដាច់សង្វេគដោយព្យុះព្រិលបែបនោះ?
អត្ថន័យបង្កប់៖ កុំងប់នឹងការងារពេក។

 

 

2.CARRIE: Carrie ជាឈ្មោះក្មេងស្រីជំទង់ មានម្តាយងប់នឹងសាសនា។ នាងជាក្មេងដែលអៀន និង រៀននៅវិទ្យាល័យ ដែលនាងក្លាយជាទីមើលងាយ និង សើចចំអក។ គ្រា១ដែលនាងមករដូវលើកទី១នៅកន្លែងងូតទឹក ហើយនាងភ័យស្រែកឆោឡោគិតថាខ្លួនឯងហូរឈាមស្លាប់មិនខាន។ ការសើចចំអក និង ធ្វើបាបបានឈានដល់ដំណាក់កាលលើសព្រំដែន ពេលចុងក្រោយដែលពានរង្វាន់ Prom Queen បានប្រគល់ម្កុដទៅនារីអភ័ព្វដូចនាង ហើយឈាមជ្រូកទាំងថ្លុក បានចាក់ស្រោចលើរាងកាយនាងពេលឈរលើឆាក ជាមួយនឹងឈុត ដែលម្តាយនាងខំដេរអោយ។ ហើយថាមពលចម្លែកធ្វើអោយកំហឹងនាងគ្រប់គ្រងលែងបាន បណ្តាលអោយនាងប្រើញាណដ៏កំនាច សងសឹកអ្នកដែលធ្វើបាប និង សើចចំអកអោយនាង អោយស្លាប់ក្នុងកម្មវិធីសមោសរយ៉ាងវេទនាបំផុតរហូតដល់ក្លាយជាពត៌មានកក្រើកពេញផ្ទៃប្រទេស។
អត្ថន័យបង្កប់៖ កុំព្យាបាទអ្នកដទៃ (Say No To Bullying)។

3. PET SEMATERY:  ភាពយន្តថ្លែងពីគ្រួសារមួយទើបនឹងរើមកនៅផ្ទះមួយដែលសង់ក្បែរកន្លែងកប់ខ្មោចសត្វ។ កន្លែងនោះចម្លែកណាស់ យប់មួយបុរសជាស្វាមីឃើញឆ្មាដែលងាប់ ក្រោយយកទៅកប់នៅទីនោះក៏រស់រានមានជីវិតវិញ។ បុរសនោះឃើញរឿងចម្លែកនោះ មិនមាត់ក បានត្រឹមគិតក្នុងចិត្ត។ វេលាថ្ងៃមួយ កូនតូចរបស់បុរសនោះក៏ត្រូវមនុស្សអាក្រក់សម្លាប់។ ជម្រើសចុងក្រោយដោយក្តីអាឡ័យកូនពេក បុរសជាឪពុកក៏យកកូនតូចទៅកប់នៅទីនោះ ដោយចេតនានឹកឃើញដល់ឆ្មារកាលពីថ្ងៃមុន។ ហើយអភូតហេតុក៏បានកើតមាន កូននោះក៏មានជីវិតវិញ តែវាមិនមែនជាដំណឹងល្អទាំងអស់នោះទេ។ រឿងអាក្រក់ក៏កើតមាន ដោយកូនតូច បានសម្លាប់មនុស្ស។ គ្រួសាររបស់ក្មេងតូច ក៏សង្កេតឃើញថា ក្មេងដែលរស់ឡើងវិញនោះ មិនមែនជាកូនខ្លួនឡើយ ពួកគេរកវិធីដើម្បីបញ្ឈប់សកម្មភាពរបស់កូនខ្លួន មុនពេលគេសម្លាប់ប្រជាពលរដ្ឋអស់មួយទីក្រុង។
តម្លៃអប់រំ៖ កុំព្យាយាមប្រឆាំងជាមួយធម្មជាតិ។

4.THE MIST : គ្រាមួយក្នុងរដ្ឋដ៏ស្ងប់ស្ងាត់មួយក្បែរជើងភ្នំ ស្រាប់តែមានព្យុះចម្លែកមួយ។ តួអង្គ និង កូនតូច រត់ជ្រកក្នុងផ្សារទំនើប ជាមួយមនុស្សដទៃទៀត។ នៅក្រៅកញ្ចក់ ព្យុះបានស្ងប់អ័ព្វក៏ធ្លាក់។ នៅក្នុងផ្សែងស មានសត្វអ្វីម្យ៉ាងដែលពួន និង បំលាស់ទីក្នុងនោះ ដោយចាប់មនុស្សស៊ីទាំងរស់។ មនុស្សក្នុងអាគារកញ្ចក់រកវិធីដើម្បីរស់រានមានជីវិត។​ សាច់រឿងចុងក្រោយធានាថា វានឹងនៅជាមួយអ្នករាប់អាទិត្យ។
តម្លៃបង្កប់នៃសាច់រឿង៖ ត្រូវតែមានក្តីសង្ឃឹម ទោះជាវាធ្លាក់ដល់ 0.001% ក្តី។

5. THINNER: បុរសធ្វើការផ្នែកច្បាប់ម្នាក់ ធ្វើអំពើប្រមាថលើមនុស្សចាស់ម្នាក់ ដែលធាតុពិតគេគឺជាគ្រូអាគមម្នាក់។ គ្រូនោះ និយាយភាសាចម្លែក ប្រាប់បុរសនោះថា ស្គមទៅៗ។ ច្រើនសប្តាហ៍ក្រោយមក បុរសកន្ធាត់ក៏ស្រកទម្ងន់ម្តងបន្តិចៗ។ រាងគាត់ក៏ប្រែជាសង្ហារ តែភាពសង្ហាររបស់គាត់មិនបាននៅមួយកន្លែងនោះឡើយ គាត់ស្គមទៅៗរហូតសល់តែឆ្អឹង។ បុរសអភ័ព្វដឹងខ្លួនខុស ស្វែងរកគ្រូនោះមុនពេលគ្រប់យ៉ាងត្រូវហួសពេល។
តម្លៃអប់រំ៖ កុំប្រមាថមនុស្សតែសម្បកក្រៅ។

6.THE SHAWSHANK REDEMPTION : បុរសអភិជន គំនិតអភិវឌ្ឍត្រូវចូលគុកដោយសារការចោទប្រកាន់។ នៅក្នុងគុកវិះត្រូវគេរំលោភ បុរសអភិជនរាប់អានជាមួយមិត្តជនជាតិស្បែកខ្មៅ អភិវឌ្ឍផ្នត់គំនិត មនុស្សក្នុងគុក និង ប្រែក្លាយគុកទាំងមូលក្លាយជាកន្លែងដែលមិនគួរអោយជឿ។  ដោយការបន្តភាពច្រណែន និង ខ្លាចរឿងរ៉ាវសម្ងាត់នៅក្នុងគុកត្រូវលេចលឺ គម្រោងការសម្ងាត់ត្រូវបានរៀបចំដើម្បីបំបិទមាត់បុរសអភិជន ស្របពេលគម្រោងការសម្ងាត់របស់មនុស្សក្នុងគុក បានរួមគ្នាជួយបុរសអភិជនចេញពីគុកអោយបាន ពេលនោះអ្នកនឹងរន្ធត់ ព្រលឹងចុងសក់។
តម្លៃអប់រំ៖ ចំនេះវិជ្ជាជាសោររំដោះអ្នកពីគុកអវិជ្ជា និង គុកស៊ីម៉ង់។

7. CUJO: កុន១នេះគឺ ថ្លែងពីឆ្កែឆ្កួត១ឈ្មោះ Cujo ដែលប្រែជាឆ្កួតដោយសារប្រជៀវខាំ។ ក្រោយមកសោកនាដកម្មក៏កើតមានឡើង ដោយសារឆ្កែកំនាចដែលចងកំហឹងនឹងមនុស្សគ្រប់គ្នា។ ឆ្កែមច្ចុរាជបន្តសម្លាប់រហូតដល់ជួបនឹងម្តាយ និង កូនប្រុសតូច ដែលឪពុកមិននៅផ្ទះ។ ស្ត្រីជាម្តាយឃើញឆ្កែក៏នាំកូនទៅពួនក្នុងឡាន បិទទ្វារសម្ងំ តែវាចង្រៃអីឡានក៏មិនអាចបើកបានទៀត។ ឆ្កែនោះនៅចាំស៊ីម្តាយកូនខាងក្រៅឡាន ១យប់១ថ្ងៃ កែវភ្នែក និង ចង្កូមរង់ចាំមើល តែហ៊ានចេញម៉ោដឹងតែស៊ីគ្រិបៗហ្មង។ រហូតដល់វត្តមាននៃអ្នកដែលមកជួយម្តាយកូនទាំង២ត្រូវស្លាប់ម្តងម្នាក់ៗ។ ម្តាយក៏រកវិធីរំដោះកូនចេញពីចង្កូមមច្ចុរាជ ហើយអ្នកនឹងរំភើប។
តម្លៃបង្កប់៖ ទឹកចិត្តម្តាយ។

8. CHRISTINE: ជាភាពយន្តដែលផលិតចេញពីប្រលោមលោកដែលលក់ដាច់បំផុត។ ថ្លែងពីឡានដែលនាំក្តីមរណាដល់អ្នកដែលបើកវា។ ជាឡានដែលមានពោះវៀនពោះតាំង អាចដេញបុកម្ចាស់វា ចេះស្រែកត្រាប់តាមសម្លេងមនុស្ស កិនលើមនុស្ស អោយស្លាប់ រួចលេបជាចំនី រួចស្វែងរកម្ចាស់ថ្មី។ បើអានសៀវភៅវិញ គឺថាអ្នកនឹងញាក់សាច់!
តម្លៃបង្កប់៖ កុំលោភលន់។

9. MISERY: អ្នកនិពន្ធល្បីម្នាក់រកស៊ីនឹងសរសេរសៀវភៅ គាត់ប្រញាប់យកសាច់រឿងទៅអោយគេបោះពុម្ភ ក៏ក្រឡាប់ឡានវិះស្លាប់ តែសង្គ្រោះដោយនារីអតីតពេទ្យទាហានម្នាក់ដែលរស់នៅជើងភ្នំ។ បុរសអ្នកនិពន្ធបាក់ជើងបង់ស៊ីម៉ង់ នៅលើរទេះរុញ មើលថែដោយសុភាពនារី ទន់ភ្លន់ ស្លូតបូត។ ក្រោយមកពួកគេទាំង២ក៏សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគេទាំង២ជាអាយដល និង ហ្វេនគ្នាសោះ។ នាងជាហ្វេនអានសៀវភៅផ្កាប់មុខរបស់អ្នកនិពន្ធរូបនោះរាប់ឆ្នាំ។  ថ្ងៃ១ អ្នកនិពន្ធដ៏ល្បីបានសុំពឹងនាងអោយជួយយកក្រដាសនិពន្ធរបស់គាត់ទៅកាន់ក្រុមហ៊ុនបោះពុម្ព ដែលទាមទាររំពឹងខ្លាំងលើស្នាដៃរបស់លោក ព្រោះមហាជនកំពុងតែទាមទារភាគបន្ត។ ពេលល្ងាចបានមកដល់ នារីម្នាក់នោះមកវិញទាំងទឹកមុខពេញដោយកំហឹង។ នាងអត់និយាយអី ស្រាប់តែយកខ្នងពូថៅមកវ៉ៃបំបាក់ជើងបុរសនោះបាក់ជា២ដោយស្រែកថា ម៉េចបានធ្វើអោយនាងស្លាប់ ? លោកឯងឃោរឃៅម៉េស? នារីរោគចិត្តយកបាច់ក្រដាសសាច់រឿងដែលនាងលួចអាន មកដុតចោលនៅមុខបុរសអភ័ព្វ ធ្វើអោយគេឈឺចាប់ក្រៃលែង។ នាងប្រាប់បុរសនោះថា អាចង្រៃឯងត្រូវអោយតួស្រីរស់វិញ។ បុរសអភ័ព្វប្រាប់នារីរោគចិត្តថា គាត់ត្រូវការក្រដាស និង ទឹកថ្នាំដើម្បីសរសេរសាច់រឿងថ្មីវិញ។ ពេលនាងចេញទៅផ្សារបាត់ អ្នកនិពន្ធពិកាក៏បានស្វែងរកវិធីរត់ចេញពីក្រញុំាក្រមុំវិកលចរិត។ តែនាងនោះគឺគួរអោយខ្លាចណាស់។
តម្លៃអប់រំ៖ សឹមៗកុំបំបោល។

 

10. CREEPSHOW2: ទស្សនាកុននេះអ្នកនឹងបានឃើញទិដ្ឋភាពនៃរឿងរ៉ាវតក់ស្លុត៣!

រឿងទី១៖ តាចាស់ជាងឈើលក់គ្រឿងអនុស្សាវរីយ៍ម្នាក់ ចំនាយពេលទាំងយប់ទាំងថ្ងៃឆ្លាក់រូបបុរសកុលសម្ព័ន្តស្បែកក្រហមឥណ្ឌា រក្សាទុកដូចមិត្តសម្លាញ់ កំដរជរាភាពក្នុងហាងដ៏ស្ងប់ស្ងាត់ ។ ស្រាប់តែយប់មួយក្រុមចោរ១ក្រុមបានប្លន់ និងសម្លាប់លោកតាកំសត់ ហើយរត់បាត់។ រូបចម្លាក់បានដេញសម្លាប់ជនឧក្រិដ្ឋសងសឹកជូនម្ចាស់ខ្លួនវិញ ។ ព្រឹកឡើងប៉ូលីសមកដល់ផ្ទះសពលោកតា ឃើញសាកសពជនឧក្រិដ្ឋត្រូវបានយកមកដោតឈើពេញមុខហាង! ហើយដៃរូបចម្លាក់ឈើមានប្រលាក់ដោយឈាម។

រឿងទី២៖ និយាយពីសារ៉ាយសម្លាប់មនុស្ស។ និស្សិត១ក្រុមជិះឡានមកលេងបឹងដែលមានសារ៉ាយអណ្តែតនោះ។
ដំបូងគូស្នេហ៍ឃើញ សារ៉ាយនោះកំពុងចាប់ទាស៊ី នាងប្រាប់មិត្តប្រុសថានោះទាលង់ទឹក។ គ្មាននរណាជឿនាងឡើយ លុះក្រោយមកវិនាសកម្មដ៏គួរអោយតក់ស្លុតនៅពេលសារ៉ាយអណ្តែតដេញស៊ីមនុស្សដែលហែលទឹក ដោយជាតិអាស៊ីតពណ៌ខ្មៅ ធ្វើអោយរលួយរឡេះខ្វេះគ្រាប់ភ្នែកស្លាប់ជាបន្ទះៗនៅសល់តែឆ្អឹង។ មានតែអ្នកពូកែហែលទឹកប៉ុណ្ណោះដែលមានសង្ឃឹមរស់ក្នុងរឿងនេះ។

រឿងទី៣៖ ស្ត្រីម្នាក់ផិតប្តី កណ្តាលរាត្រីមកជួបប្រុស។ លុះប្រញាប់ត្រឡប់ទៅវិញ ក៏បុកមនុស្សម្នាក់នៅកណ្តាលថ្នល់ស្ងាត់។ ឆ្លៀតឱកាសគ្មានអ្នកឃើ នាងក៏បើករត់។ តែមនុស្សដែលនាងបុក គឺនៅលើដំបូលឡាននាងតាំងពីពេលណាក៏មិនដឹង។ មនុស្សនោះចម្លែកក្រៃលែង និង ដេញតាមកកេរក្បាលនាងរហូតដល់កំពិត។

# តម្លៃអប់រំ៖

១. ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់

២. កន្លែងដែលគ្មានអ្នកណាស្គាល់ ជាទីកន្លែងដែលគ្មានអ្នកណារស់ ព្រោះអ្នកដែលរស់គឺមិនស្គាល់ ហើយអ្នកដែលស្គាល់គឺមិនរស់។

៣. កុំបុកគេហើយរត់ ៕

By: Admin  Strange

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា