តុក្កតាខ្មោច ដែលល្បីថាលស់ព្រលឹង រហូតតុក្កតាខ្លះត្រូវបានយកមកថតជាខ្សែភាពយន្តរន្ធត់ទៀត!

0
1618

មិនមែនឈ្មោះថាតុក្កតាសុទ្ធតែអាចឱ្យអ្នកលេងផ្តេសផ្តាសនោះឡើយ ដោយគេបានរកឃើញថា មានតុក្កតាមួយចំនួន អាចបង្កឱ្យមានការភ័យខ្លាចក្នុងសតិអារម្មណ៍ ធ្វើឱ្យម្ចាស់មានសំណាងមិនល្អ និងអ្វីដែលកាន់តែអាក្រក់នោះតុក្កតានោះអាចនឹងមានវិញ្ញាណអរូបីសណ្ឋិត ឬមានបណ្តាសារជាដើម។

ថ្ងៃនេះយើងនឹងលើកឡើងពីរឿងរ៉ាវ និងប្រវត្តិរបស់តុក្កតាល្បីថាគួរឱ្យខ្លាចទាំង១០នេះ ដែលតុក្កតាខ្លះបានយកទៅថតជាខ្សែភាពយន្តទៀត៖ 

១.តុក្កតា Elmo

ពេលកូនប្រុសតូចកំពុងតែលេងជាមួយតុក្កតា ស្រាប់តែមានសំឡេងចម្លែកមួយឮចេញពីតុក្កតាថា «សម្លាប់ Jame » ដែលជាឈ្មោះក្មេងនោះ។ ពេលឮបែបនេះម្តាយប្រឹងប្រែងរកប្រភពសំឡេង និងរកមើលក្រែងមានបញ្ហាអ្វីកើតឡើង តែវាមិនមានអ្វីខុសប្រក្រតីឡើយ ហើយ២ ៣ថ្ងៃទៀតវាបែរជានិយាយអ្វីម្យ៉ាងដែលស្តាប់មិនសូវយល់ន័យ។ បន្ទាប់ពីនោះមិនប៉ុន្មានថ្ងៃ តុក្កតានេះបានចាប់ផ្តើមច្រៀងចម្រៀងវិញម្តងថា « សម្លាប់ Jame» ដែលធ្វើឱ្យគ្រួសារនេះភិតភ័យ និងព្រួយបារម្ភពីសុវត្ថិភាពមែនទែន ក៏បានយកតុក្កតានេះទៅឱ្យក្រុមហ៊ុនតុក្កតាវិញ។

 

តុក្កតា Elmo

២.តុក្កតា Amelia

តុក្កតា Amelia គឺជាតុក្កតាដែលមានអាយុកាលចាស់ជាងគេបំផុត ដោយបានផលិតតាំងពីឆ្នាំ ១៨០០ មកម្ល៉េះ ជាពិសេសវាត្រូវបានគេជឿថា តុក្កតានេះជាកម្មសិទ្ធរបស់ស្តេចនៃប្រទេសអ៊ីតាលី។ អ្វីដែលរឹតតែធ្វើឱ្យគេគ្រប់គ្នាលស់ព្រលឹង និងភ័យរន្ធត់ជាខ្លាំងនោះ ព្រោះថាមានមនុស្សជាច្រើនធ្លាប់បានឮតុក្កតានេះឧស្សាហ៍ស្រែកយំរកម្តាយ ទាំងដែលប្រអប់ថតសំឡេងរបស់តុក្កតានេះបានខូចបាក់បែកជាយូរណាស់មកហើយ។

តុក្កតា Amelia

៣ .តុក្កតា Annabelle

តុក្កតានេះពិតជាមានភាពល្បីល្បាញណាស់នៅក្នុងខ្សែភាពយន្ត Conjuring និង Annabelle ដែលធ្វើឱ្យគ្រប់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងពេលបានឃើញតុក្កតានេះម្តងៗ។ តែការពិតទៅ វាគ្រាន់តែជាតុក្កតាដែលបានច្នៃម៉ូដឱ្យសាកសមនឹងខ្សែភាពយន្តភ័យរន្ធត់ទាំងពីរនេះតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្តី អ្នកជំនាញជាច្រើនបានណែនាំមិនឱ្យនៅជិតតុក្កតានេះ ឬសម្លឹងមើលភ្នែកវារយៈពេលយូរឡើយ ព្រោះវាអាចធ្វើឱ្យគ្រប់គ្នាស្លុតចិត្ត ព្រឺសម្បុរ និងមានអារម្មណ៍ភ័យខ្លាចជាខ្លាំងទៀតផង។

៤.តុក្កតា Caroline

Caroline គឺជាតុក្កតាដែលផលិតឡើងពីថ្ម ប៉ស៊ីឡែន ហើយមានលក់នៅក្នុងហាងវត្ថុបុរាណមួយនៅក្នុងរដ្ឋ Massachusetts តែវាត្រូវបានគេជឿថាជាតុក្កតាខ្មោចលងដ៏សាហាវផងដែរ ដោយសារតែគេបានរកឃើញថា មានវិញ្ញាណខ្មោច៣ បានសណ្ឋិតនៅក្នុងតុក្កតាមួយនេះ។ ខ្មោចទាំងនេះតែងតែបន្លឺជាសំឡេងឈ្លោះប្រកែកគ្នាដើម្បីដណ្តើមធ្វើជាម្ចាស់នៃតុក្កតាមួយនេះរៀងៗខ្លួន។ ជាពិសេសនោះ ប្រសិនជាអ្នកសាកល្បងចាប់កាន់តុក្កតានេះដាក់ឱ្យជិតៗខ្លួន អ្នកនឹងឮសំឡេងពួកវាខ្សឹបៗនៅក្នុងត្រចៀកអ្នកជាមិនខាន។

តុក្កតា Caroline

៥.តុក្កតាដែលត្រូវគេចងបិទមុខ

តុក្កតានេះមិនត្រូវបានគេស្គាល់ឈ្មោះពិតប្រាកដនោះឡើយ តែគេបានជួបប្រទះវានៅតាមដងផ្លូវមួយចំនួនក្នុងប្រទេសសិង្ហបុរី ដែលជាតុក្កតាស្ថិតនៅក្នុងស្ថានភាពមានក្រណាត់បិទភ្នែកជិត។ តុក្កតានេះធ្វើឱ្យមនុស្សគ្រប់គ្នាភ័យរន្ធត់ដោយសារតែគេឧស្សាហ៍ឃើញវាប្តូរទីតាំងដោយខ្លួនឯង ថែមទាំងបន្លឺជាសំឡេងមនុស្សស្រីផងដែរ។ គ្រប់គ្នាជឿថាម្ចាស់តុក្កតានេះបានចងបិទមុខវាដោយសារតែមិនចង់ឱ្យតុក្កតានេះអាចរកផ្លូវទៅផ្ទះបាន និងរកម្ចាស់ឃើញ។ បន្ថែមពីនេះគេនិយាយតៗគ្នាថា ប្រសិនជាមានអ្នកណាប៉ះពាល់តុក្កតាមួយនេះ វានឹងដើរតាម និងលងអ្នកនោះរហូតទៀតផង។

តុក្កតាដែលត្រូវគេចងបិទមុខ

៦.តុក្កតា Peggy

Peggy គឺជាតុក្កតា ដែលល្បីល្បាញថាអាចបង្កឱ្យមានបញ្ហាដល់អ្នកដែលនៅជិតវា មិនថាតែនៅខាងក្រៅ ឬតាមរយៈបណ្តាញអ៊ីនធើណេតអនឡាញនោះទេ។ នៅពេលដែលវីដេអូ និងរូបភាពរបស់វាត្រូវបានផ្សព្វផ្សាយតាមរយៈអនឡាញ មានមនុស្ស៨០នាក់បានរាយការណ៍ថា ពួកគេមានអារម្មណ៍ ឈឺក្បាល វិលមុខ និងថែមទាំងស្រមើស្រមៃរូបភាពប្លែកៗគួរឱ្យខ្លាចផងដែរ។ នៅក្នុងចំណោមនោះ មានស្ត្រីម្នាក់ត្រូវបានរកឃើញថាស្លាប់ដោយសារតែជំងឺគាំងបេះដូងក្រោយពីបានមើលវីដេអូ និងរូបភាពតុក្កតានេះរួចទៀតផង។

តុក្កតា Peggy

៧.តុក្កតា Amanda

តុក្កតា Amanda ត្រូវបានគេលក់ពីម្ចាស់មួយទៅម្ចាស់មួយទៀតមិនក្រោម១០ដងទេ ក្នុងទីផ្សារអនឡាញeBay អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ម្ចាស់ខ្លះនិយាយថា គេឃើញទូកញ្ចក់ដែលដាក់តុក្កតានេះមានស្នាមខ្វាច ឬឆ្កូត ដែលប្រៀបបីដូចជាតុក្កតានេះព្យាយាមចង់ចេញមកក្រៅអ៊ីចឹង។ ឯម្ចាស់ផ្សេងទៀតនិយាយថាតាំងពីយកតុក្កតានេះចូលក្នុងផ្ទះជួបតែរឿងមិនល្អ និងម្ចាស់ខ្លះទៀតនិយាយថាឃើញតុក្កតានេះស្រាប់តែចេះផ្លាស់ទីដោយខ្លួនឯងពីកន្លែងមួយទៅកន្លែងមួយ ដែលធ្វើឱ្យគ្រប់គ្នាខ្លាចរអារ។

តុក្កតា Amanda

៨.តុក្កតា Mandy

Mandy គឺជាតុក្កតាធ្វើពីថ្មប៉ស៊ីឡែន ដែលត្រូវបានគេដឹងថាផលិតតាំងពីឆ្នាំ ១៩១០មកម្ល៉េះ។ ដើមហេតុដំបូងគឺតុក្កតានេះតែងតែបន្លឺសំឡេងយំខ្សឹកខ្សួលជារៀងរាល់យប់ ដែលជាហេតុធ្វើឱ្យម្ចាស់ផ្ទះភិតភ័យយ៉ាងខ្លាំងក៏សម្រេចចិត្តយកវាមកបរិច្ចាក ដាក់តាំងនៅក្នុងសារមន្ទីរមួយក្នុងខេត្ត British Columbia ប្រទេសកាណាដារហូតដល់ពេលបច្ចុប្បន្ន ក្រោយមកសំឡេងចម្លែកនៅក្នុងផ្ទះក៏លែងមានចាប់ពីពេលនោះមក។ តែរឿងរ៉ាវនៅមិនទាន់ចប់ទេ នៅក្នុងសារមន្ទីរនោះក៏ចាប់ផ្តើមមានរឿងចម្លែកៗ និងសំឡេងប្លែកៗបន្លឺមកជារៀងរាល់យប់ ជាពិសេសនៅពេលយប់ស្ងាត់គ្មានមនុស្សនៅ គេតែងតែរប្រទះដានជើងអាថ៌កំបាំងដ៏ញាក់សាច់នៅក្នុងសារមន្ទីរនេះជារៀងរាល់ពេលផងដែរ។

តុក្កតា Mandy

៩.តុក្កតា Mercy

Mercy ត្រូវបានគេដឹងថាជាតុក្កតាដែលមានវិញ្ញាណក្មេងស្រីអាយុ៧ឆ្នាំសណ្ឋិតនៅ។ ម្ចាស់មុនៗរបស់វាតែងតែនិយាយថា ពេលខ្លះគេឃើញតុក្កតានេះសុខៗស្រាប់តែក្រោកឈរដោយខ្លួនឯង និងពេលខ្លះស្រាប់តែឃើញវាចេះផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដោយគ្មានមូលហេតុទៀតផង។ អ្វីដែលកាន់តែញាក់សាច់នោះ ទូរទស្សន៍ ឬវិទ្យុនឹងប្តូររប៉ុស្តិ៍ដោយខ្លួនឯង រាល់ពេលដែលតុក្កតានេះនៅជិតម្តងៗ។

តុក្កតា Mercy

១០.តុក្កតាបណ្តាសារ Joliet

Joliet ប្រៀបបីដូចជាសមាជិករបស់គ្រួសារមួយច្រើនជំនាន់មកហើយ ហើយវាក៏ជាតុក្កតាបណ្តាសារដែលធ្វើឱ្យសមាជិកស្រីៗរបស់គ្រួសារនេះណាម្នាក់ក៏ដោយ ឱ្យតែបង្កើតបានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ ក្នុងរវាងរយៈពេល៣ថ្ងៃ កូនប្រុសនោះគឺត្រូវតែស្លាប់ ដែលគេជឿថាតុក្កតានេះគឺជាតុក្កតាដែលតែងតែឆក់ស្រូបយកវិញ្ញាណក្មេងប្រុស៕

តុក្កតាបណ្តាសារ Joliet

១១. តុក្កតាខ្មោច Diana

តុក្កតាដ៏គួរឱ្យរន្ធត់មួយនេះ ត្រូវបានគេដាក់លក់នៅក្នុងអ៊ីនធើណេត ហើយក៏ត្រូវបានគេដឹងថា ជាតុក្កតាដែលមានវិញ្ញាណមនុស្សស្រីអាយុ ២០ឆ្នាំម្នាក់សណ្ឋិត មានឈ្មោះថា Diana ហើយតុក្កតានេះក៏ត្រូវបានគេដាក់ឈ្មោះបែបនេះដូចគ្នា។

តុក្កតានេះមានវិញ្ញាណមនុស្សស្រីដើរចេញទៅក្រៅផ្ទះរាល់យប់ និងបង្កជាសំឡេងរំខានមួយចំនួន។ ហើយបើតាមការរៀបរាប់របស់ម្ចាស់ដែលដាក់លក់វាបាននិយាយថា Diana មិនដែលធ្វើបាបសមាជិកក្នុងគ្រួសារដែលនាងកំពុងតែរស់នៅឡើយ ព្រោះតែនាងគិតថាពួកគេជាគ្រួសាររបស់នាងដែរ។ ជាពិសេសនោះ នាងអាចសងសឹក ឬបំពេញក្តីប្រាថ្នារបស់អ្នកបាន ប្រសិនជាមានអ្នកណាម្នាក់ធ្វើបាបអ្នក ឬសាងកំហុសអ្វីម្យ៉ាងដល់អ្នក តែនាងមិនដែលធ្វើឱ្យអ្នកណាម្នាក់ស្លាប់នោះឡើយ គ្រាន់តែនាងអាចបង្កការឈឺចាប់ ឬភាពភ័យខ្លាចខ្លាំងរបស់បុគ្គលម្នាក់់នោះតែប៉ុណ្ណោះ៕

By: Admin  Scarlet W.

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា