វិថីជីវិត​ ឬ ​Brother’s Keeper ល្អលើសពីការរំពឹងទុក ទាំងចំណុចកម្សត់ និងរ៉ូមែនទិកកប់ៗខ្លាំង

0
303

មកដល់ថ្មីទៀតហើយ ជាមួយនឹងតួដ៏ស្រស់ស្អាត Linda Chung ជួបជាមួយគាត់រឿង វិថីជីវិត Brother’s Keeper ឬ 巨輪 ។ ដោយ វិថីជីវិត ជាខ្សែភាពយន្តដែលនិយាយពីដំណើរជីវិតក្នុងឆ្នាំ១៩៨០ ស្តីពីប្រជាជនដែលរត់ឆ្លងដែនខុសច្បាប់មកហុងកុង ដើម្បីរកសាច់ញាតិ និងចាប់ផ្តើមជីវិតថ្មីលើទឹកដីហុងកុង ដែលខ្សែភាពយន្តនេះផលិត និងសម្រិតសម្រាំងដោយ TVB ដែលចូលរួមសម្តែងដោយកំពូលតារាជួរមុខរបស់ TVB គឺ Ruco Chan, Linda Chung, Edwin Siu, Kristal Tin, Lousise Lee និង Louis Yen ដែលចាក់បញ្ចាំងដំបូងនៅទូរទស្សន៍ក្នុងស្រុក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងលក្ខណ TVB Jade ។

ខ្សែភាពយន្តនេះ និយាយពីជីវិតបងប្អូនពីរនាក់ ដែលព្យាយាមរត់ឆ្លងដែនខុសច្បាប់មករកឪពុកក្នុងឆ្នាំ ១៩៨០ ដែលមិនដឹងថាឪពុករត់មករស់ នៅហុងកុងជាមួយនឹងគ្រួសារថ្មី ។ Kiu Tin Seng (Ruco Chan) ជាបងប្អូនឪពុកផ្សេងគ្នាជាមួយ Lo Wai Son (Edwin Siu) ដែលក្រោយមកក៏ព្រាត់ប្រាស់គ្នា ហើយ Lo Wai Son ត្រូវតាមម្តាយទៅរស់នៅ ម៉ាកាវ និង Kiu Tin Seng ត្រូវរស់នៅ និងព្យាយាមស្វែងរកឪពុកម្នាក់ឯងនៅហុងកុង ។ ការរស់នៅយ៉ាងលំបាក ដោយក្តីសង្ឃឹមថា ថ្ងៃណាបានរកឪពុកឃើញ គាត់អាចនឹងទំនុកបំរុងអោយខ្លួនបានរៀនសូត្រ និងផ្តល់សុភមង្គល មួយដល់គ្រួសារ តែផ្ទុយទៅវិញ ឪពុកដែលអាត្មាននិយមម្នាក់នោះ ក្រោយពីបានជួបកូនបែរជាមិនចង់ទទួលស្គាល់ ហើយមិនអាណិតដល់កូនប្រុសម្នាក់ដែលជាសាច់ឈាមរបស់ខ្លួនឡើយ ។ និយាយដល់ត្រង់នេះ ពិតជាឈឺចាប់ណាស់ កូនប្រុសដែលគ្មានឪពុកទៅហើយ ត្រូវធ្វើសំបុត្រកំណើតដែលគ្មានឈ្មោះឪពុក វាពិតជាទង្វើដ៏ ថោកទាបណាស់ អ្នកទាំងអស់គ្នាមានអ្នកណាជាកូនគ្មានឪពុក ជាពិសេសអ្នកដែលត្រូវឪពុករត់ចោល តើមានអារម្មណ៍បែបណា ? ខ្ញុំយល់អារម្មណ៍អ្នកទាំងអស់គ្នា ព្រោះខ្ញុំក៏ជាកូនគ្មានឪដូចគ្នា ។

ដ្រាម៉ាតិចហើយ តោះចូលមកសាច់រឿងយើងវិញ Lo Wai Son ជាមនុស្សឆ្លាតក្នុងការរៀនសូត្រ តែឪពុករបស់ខ្លួន (ឪពុករបស់ Lo Wai Son រស់នៅជាមួយគេនៅ ម៉ាកាវ ឯឪពុករបស់ Kiu Tin Seng រត់ទៅនៅហុងកុង ជាមួយគ្រួសារថ្មី Lo Wai Son ជាកូនប្តីទី២ Kiu Tin Seng ជាកូនប្តីទី១ ) មិនដែលទំនុកបំរុង ឬចង់អោយកូនបានរៀនសូត្រខ្ពស់ខ្ពស់ទេ បែរជាអោយកូនរបស់ខ្លួនរុញរទេះលក់នំសណ្តែកដី ដើម្បីជីវភាពគ្រួសារ ។

ឯ Kiu Tin Seng រស់នៅម្នាក់ឯងនៅ ហុងកុង ធ្វើការផង រៀនផង ព្រោះចង់ឈ្នះចិត្តឪពុកខ្លួន និង ជៀសអោយផុតពីការមើលងាយពីអ្នកជិតខាង ហើយក៏មិនចង់ពឹងអ្នកណា សូម្បីឪពុកខ្លួន ។ ឆាកជីវិតមនុស្សមានចុះមានឡើង ពិតជាមើលមិនឃើញទេ Kiu Tin Seng ក្លាយជាប៉ូលិសម្នាក់ ឯ Lo Wai Son ជាមួយនឹងស្នាដៃពូកែធ្វើម្ហូប ក៏បានឆ្នៃចេញនូវនំព្រះខែ និងនំផ្សេងៗរហូតក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភជាងគេនៅម៉ាកាវ ។ ឆាកជីវិតបងប្អូនទាំងពីរ​ ទោះបីជា Lo Wai Son មានសំណាងក្លាយជាអ្នកមានក៏ពិតមែន តែក្រឡេកមើលទៅ Kiu Tin Seng បែរជាជួបរឿងបរាជ័យក្នុងជួរប៉ូលីស រហូតធ្លាក់ខ្លួនក្លាយជាជនឧក្រិដ្ឋ ។ តើឆាកជីវិតគេទាំងពីរទៅជាបែបណា សុំមិន Spoil ទុកអោយអ្នកដែលមិនបានទស្សនាគេតាមដានដោយខ្លួនឯង ។

ចំពោះខ្សែរឿងមួយនេះប្រៀបដូចជាជីវិតយើងសព្វថ្ងៃចឹង មនុស្សប្រុសណាដែលថាមិនស្រលាញ់កូន តែមនុស្សប្រុសមួយចំនួនដែលជាបង្កើតកូនមកហើយបោះបង់គ្នាចោល បើមិនស្រលាញ់ មិនមើលថែ មិនបានផ្តល់ភាពកក់ក្ដៅអោយគ្នាទេ ចឹងបង្កើតគេមកធ្វើអី? បង្កើតជីវិតមួយដើម្បីអោយកើតមក ទទួលរងនូវការមើលងាយមែនទេ ? សូមមានការទទួល ខុសត្រូវចំពោះគ្រួសារផង កូនអត់ឪ ពិបាកណាស់ គេមើលងាយគ្រប់កន្លែង ពិរោះស្តាប់មែនទេ ពេលលឺគេហៅកូនខ្លួនឯងថា “កូនអត់ឪ” Sorry ច្រឡំចូលតួទៀតហើយ ។

ឥឡូវសូមបកស្រាយពីចំណាប់អារម្មណ៍វិញ អ្នកនិពន្ធ អ្នកដឹកនាំសម្តែង អ្នកសម្តែង សុទ្ធតែធ្វើឡើងអស់ពីចិត្ត ទើបទទួលបានភាពយន្តដ៏ល្អមួយៗ ចំពោះភាពយន្ត វិថីជីវិត នេះសម្រាប់ខ្ញុំសឹងតែអោយមេដៃ ១០ ព្រោះល្អលើសពីល្អ ចំណុចកម្សត់ គឺកម្សត់កប់ ចំណុច Romantic គឺ Romantic កប់ ជាពិសេស ត្រង់ Linda Chung មានស្នេហាជាមួយ Ruco Chan អារម្មណ៍មនុស្សដែល មានស្នេហាដំបូង ផ្សងដើម្បីជួបមនុស្សម្នាក់ ប្រាថ្នានៅក្បែរមនុស្សយើងស្រលាញ់ ហាហាហហាហ មើលទៅពិតជាគួរអោយច្រណែនណាស់ ។សាច់រឿងមួយនេះ ខ្ញុំធានាថានឹងធ្វើអោយអ្នកទាំងអស់គ្នា ជក់រហូតដល់ដាច់បាយដាច់ទឹកជាមិនខាន ហាហាហហា ។

Admin_Raymon Lam  (រក្សាសិទ្ធដោយពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា