១០ចំណុចសំខាន់ៗ ​នៃរឿងពិតរបស់ ​អធិរាជស្តេចស្រី ​អ៊ូ ម៉ីនាង

0
1823

មហិច្ឆតា អ៊ូ ម៉ីនាង (ចំណងជើងភាសាខ្មែរ) មានចំណងជើង International ថា The Empress of China និងចំណងជើងភាសាចិន 武媚娘传奇/ 武媚娘傳奇 ។

ខ្សែភាពយន្តមួយនេះ គឺជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលត្រូវបានគេលើកយកមកផលិតជាខ្សែភាពយន្តនិយាយពីប្រវត្តិស្តេចស្រី តែមួយគត់របស់ប្រទេសចិន ក្នុងរវាងសតវត្សរ៍ទី ៧ និងទី ៨ នៃរាជវង្សថាង (Tang Dynasty) ឬអាចនិយាយថាជារឿងប្រវត្តិសាស្រ្តមួយដែលត្រូវបានបណ្តាផលិតកម្មក្នុងប្រទេសដែលប្រើប្រាស់ជាភាសាចិន ដូចជាប្រទេសចិន ប្រទេសហុងកុង និងតៃវ៉ាន់ លើកមកផលិតជាច្រើនដងច្រើនជាងគេ។

សម្រាប់ខ្សែភាពយន្ត អធិរាជស្តេចស្រី អ៊ូ ម៉ីនាង ឬ The Empress of China ដែលផលិតនៅក្នុងឆ្នាំ ២០១៤ អាចនិយាយថាបានជាខ្សែភាពយន្តដែលនិយាយពីប្រវត្តិស្តេចស្រីនៃប្រទេសចិន ល្អជាងគេបំផុតប្រចាំប្រវត្តិសាស្រ្តនៃការផលិតរឿងនេះ ព្រោះតែមានភាពម៉ត់ចត់ខ្លាំងតាំងការរើសតួសម្តែង ទីតាំងថត រួមទាំងម៉ូតសក់ និងសំលៀកបំពាក់ផងដែរ ដោយតាមការបង្ហាញឱ្យដឹង គ្រាន់តែសំលៀកបំពាក់របស់ Fan BingBing ដែលដើរតួជា អ៊ូ ម៉ីនាង តែម្នាក់គឺមានសំលៀកបំពាក់ ២៦០ឈុត ខណៈសាច់រឿងទាំងមូល បានប្រើប្រាស់សំលៀកបំពាក់ ច្រើនជាង ១០០០ ឈុត ដែលនេះជាមូលហេតុមួយធ្វើតម្លៃនៃការផលិតកុននេះ គឺចំណាយជាងទៅ ៤៩លានដុល្លារអាមេរិក ដែលជារឿងភាគចិន ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការចំណាយអស់ច្រើនជាងគេបំផុត។

មហិច្ឆតាអ៊ូម៉ីនាង ត្រូវបានចាក់ផ្សាយដំបូងនៅចិនដីគោកកាលពីខែធ្នូ ឆ្នាំ ២០១៥ ហើយរឿងភាគនេះបានបំបែកកំណត់ត្រាទូរទស្សន៍ និងចំនួនអ្នកមើលតាមអ៊ីនធឺណិតទាំងឡាយនៅប្រទេសនេះ។ ភាគទី១របស់រឿងបុរាណចិននេះ ដែលត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ Hunan នោះ ត្រូវបានគេដឹងថាមានចំនួនអ្នកទស្សនាច្រើនជាងគេនៅប្រវត្តិសាស្ត្រវិស័យទូរទស្សន៍ចិន។ នៅហុងកុង “The Empress of China” គឺជារឿងភាគដែលមានចំនួនអ្នកមើលច្រើនជាងគេលំដាប់លេខ២ក្នុងឆ្នាំ ២០១៥។ ចំណែកឯនៅទីផ្សារតៃវ៉ាន់វិញ រឿងភាគនិយាយពីស្ដេចស្រីតែមួយគត់របស់ចិននេះក៏ទទួលបានជោគជ័យមិនធម្មតាដែរ។ ជាពិសេសថែមទាំងត្រូវបណ្តាប្រទេសជាច្រើននៅអាស៊ីដូចជាប្រទេសកូរ៉េខាងត្បូង រួមទាំងប្រទេសកម្ពុជាយើងផងដែរ ទិញសិទ្ធមកចាក់ផ្សាយ។

-តួសម្តែងធំៗរួមមាន៖

១. Fan Bingbing សម្តែងជា អ៊ូ ម៉ីនាង

២. Zhang Fengyi សម្តែងជាតួ ស្តេច លី ស៊ឺមីង ឬស្តេច ថៃចុង (Taizong)

៣. Aarif Rahman សម្តែងជា លីជី ឬស្តេច កៅចុង (Gaozong) រួមទាំងតារាសម្តែងល្បីៗជាច្រើនទៀត។

-ផលិតដោយ ៖ Fan Bingbing Studio

-ថ្លៃចំណាយលើការផលិត៖ 300 លានយ័ន ឬប្រមាណជា 49.53 លានដុល្លារសហរដ្ឋអាមេរិច

-ចាក់ផ្សាយដំបូង៖ លើប៉ុស្តិ៍ទូរទស្សន៍ Hunan Television នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៤

-ចំនួនភាគ៖ ៩៦ភាគ (មួយភាគ ៤៥នាទី)

Rating: MyDramaList: 8.1/10
IMDb: 6.2/10

ថ្ងៃនេះដែរ អេតមីនសូមលើកឡើងពីប្រវត្តិពិតរបស់ អធិរាជស្តេចស្រី អ៊ូ ម៉ីនាង ឬ អ៊ូ ចឺធៀន ទាំង១០ចំណុចធំៗក្នុងប្រវត្តិសាស្ត្រ ដែលរឿងខ្លះអាចនឹងខុសពីខ្សែភាពយន្ត (តាមអេតមីនយល់ អាចជារឿងនិយាយពីប្រវត្តិសាស្រ្តដូច្នេះគេយកតែចំណុចល្អៗមកនិយាយច្រើនជាងចំណុចអាក្រក់) ៖

១. អ៊ូ ម៉ីនាង ជាលេខាជំនិតរបស់របស់ អធិរាជ ថៃចុង(Taizon)

– ដោយសារតែ អ៊ូ ចឺធៀន កើតនៅក្នុងគ្រួសារស្តុកស្តម្ភ និងអ្នកមានចំណេះដឹង ឪពុករបស់នាង បានអប់រំ ទូន្មាន បង្រៀនអក្សរសាស្រ្ត រួមទាំងចំណេះជាច្រើនដល់នាង។ រហូតដល់ពេលនាងចូលរាជវាំងធ្វើជាស្នំស្តេចនៅពេលដែលនាងអាយុ១៤ឆ្នាំ ដោយសារតែ ភាពឆ្លាតវៃ និងទេពកោសល្យរៀនសូត្ររបស់ អ៊ូ ចឺធៀន ស្តេច ថៃចុង បានលើកនាងជាលេខា ឬមនុស្សជំនិតរបស់ទ្រង់ ដោយដាក់នាមថ្មីថា « អ៊ូ ម៉ីនាង» ប្រែថា ស្រស់ស្អាត ឬមានមន្តស្នេហ៍។ ក្នុងអំឡុងពេលនេះ អាចនិយាយបានថានាងគឺជាស្នំរបស់ស្តេច ថៃចុង ផងនិងជាអ្នកប្រឹក្សាការងារប្រទេសជាតិជាមួយទ្រង់ផងដែរ។

២. មានស្នេហានឹងបុត្រាស្តេចថៃចុង ឈ្មោះ លីជី (កៅចុង)

– តាមប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ ៦៤៩ អធិរាជ ថៃចុង បានចូលទិង្គត ហើយអ៊ូម៉ីនាង និងស្នំជាច្រើនត្រូវបានគេបញ្ជូនឱ្យបួសជាដូនជីនៅវត្តអារាម ព្រោះបើតាមច្បាប់ព្រះនគរ មិនថាស្នំ អ្នកម្នាង ឬព្រះមហេសីស្តេចទេ ត្រូវតែកោរសក់បួសកាន់ទុក្ខឱ្យអធិរាជអស់មួយជីវិត ដោយទំនៀមទំលាប់នេះ បានធ្វើឱ្យ អ៊ូ ម៉ីនាង យំសោកស្តាយសម្រស់ និងភាពថ្កុំថ្កើងនៅរាជវាំងជាខ្លាំង។

– ដោយសារតែ កាលពីនៅរាជវាំង បុត្រាបង្កើតរបស់ស្តេច ថៃចុង ឈ្មោះ លីជី (កៅចុង) ធ្លាប់បានចាប់ចិត្តលើ អ៊ី ម៉ីនាង ស្រាប់ វាជាហេតុធ្វើឱ្យ អ៊ូ ម៉ីនាង រកឱកាសឱ្យខ្សែភ្នែក និង លបលួចស្នេហាគ្នាជាមួយស្តេច កៅចុង រហូតដល់នាងមានព្រះគភ៌ ពេលដែលទ្រង់យាងមកធ្វើពិធីនៅវត្តអារាមម្តងៗ។

– មហេសី វ៉ាង ដោយហេតុតែខ្លួនគ្មានបុត្រផង ហើយមានចិត្តស្រលាញ់ និងស្មោះត្រង់នឹងស្វាមី ក៏យល់ព្រមជួយដល់ អ៊ូ ម៉ីនាង សព្វបែបយ៉ាង ថែមទាំងជួយយក អ៊ូ ម៉ីនាង ត្រលប់មករាជវាំងវិញ បើទោះបីជាមានការជំទាស់ពីបណ្តាមន្ត្រីយ៉ាងណាក៏ដោយ ដោយការឈានជើងមកកាន់រាជវាំងម្តងទៀត ធ្វើឱ្យនាងមានឋានៈខ្ពស់ជាងមុនទៅទៀត។

៣. សម្លាប់កូនស្រីខ្លួនឯងដើម្បីអំណាច

– ក្រោយពីបានរស់នៅរាជវាំងបានប៉ុន្មានឆ្នាំ អ៊ូ ម៉ីនាង បានផ្តល់កំណើតបុត្រជាបន្តបន្ទាប់ដោយកូនប្រុសទី១ ព្រះនាម លី ហុង(ឆ្នាំ ៦៥២) និង លី ជៀន (៦៥៣) និងកូនស្រីម្នាក់ទៀតនៅក្នុងឆ្នាំ ៦៥៤ តែកូនស្រីនោះត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងអង្រឹង។

ដោយអ៊ូ ម៉ីនាង បានចោទប្រកាន់លើព្រះមហេសី និងគ្រួសាររបស់ព្រះមេហេសី វ៉ាង រួមទាំងស្នំឯក ស៊ៀវ (ធ្លាប់កាច់កុង និងធ្វើបាប អ៊ូ ម៉ីនាង ) ថាបានរួមគំនិត និងរៀបឧបាយកលសម្លាប់កូនស្រីរបស់នាង។ ទីបំផុត ព្រះមហេសីវ៉ាង និងស្នំឯក ស៊ៀវ ត្រូវបានគេចាប់ដាក់គុក និងទទួលទោសប្រហារជីវិតដ៏សាហាវឃោរឃៅបំផុត ដោយកាត់ដៃកាត់ជើង ហើយយកត្រាំស្រារហូតដល់ស្លាប់។

– ការស្លាប់របស់កូនស្រី អ៊ូ ម៉ីនាង មានមហាជនជាច្រើននៅតែមិនអស់ចិត្ត ហើយយល់ថាជាការទំលាក់កំហុសពីមហេសីវ៉ាង តែគ្មានអ្នកណាហ៊ាននឹងស្ត្រីដែលមានអំណាចដូចជា អ៊ូ ម៉ីនាងទេ ។ គ្រប់គ្នាដាក់ការសង្ស័យ និងជឿជាក់ថា នេះជាល្បិចកលរបស់ អ៊ូ ម៉ីនាង កម្ចាត់មហេសី និងស្នំឯកដែលទើសមុខចេញដើម្បីដណ្តើមអំណាច ព្រោះក្រោយពី មហេសីវ៉ាងស្លាប់ នាងបានឡើងឋានៈជាព្រះមហេសីយ៉ាងពេញសិទ្ធ។

៤. ជាមនុស្សស្រីឃោរឃៅ

– ក្រោយឡើងជាព្រះមហេសី អ៊ូ ម៉ីនាង ប្រែក្លាយទៅជាមនុស្សស្រីដែលតឹងរ៉ឹង ចិត្តដាច់ ផ្តាច់ការ និងកាចសាហាវឃោរឃៅ បំផុត សូម្បីតែស្តេច កៅចុង ក៏ខ្លាចញញើតនាងដែរ។ ដោយនាងបានចាប់ផ្តើមធ្វើការបោសម្អាត និងកម្ចាត់ជន ឬមន្ត្រីណាដែលប្រឆាំង រារាំងផ្លូវរបស់នាង។ ពិសេសនាងក៏បានទិញទឹកចិត្ត និងមានអ្នកស៊ើបការណ៍សម្ងាត់ជាច្រើននាក់ផងដែរ ដើម្បីបម្រើការងារ និងអំណាចរបស់នាង។

៥. ដណ្តើមអំណាចពីបុត្រខ្លួនឯង

– ស្តេចកៅចុង (លីជី) បានចូលទិវង្គតនៅក្នុងឆ្នាំ ៦៨៣ ហើយ អ៊ូ ម៉ីនាង បានប្រគល់រាជ្យសម្បត្តិឱ្យបុត្រាច្បងគឺ លីហុង ដែលមាននាមជាអធិរាជ Zhongzong ។ តែដោយអធិរាជរូបនេះ មិនចេះគ្រប់គ្រងប្រទេស និងស្តាប់តែមហេសីខ្លួន អ៊ូ ម៉ីនាង ក៏បានទម្លាក់បុត្រខ្លួនចេញពីស្តេចផែនដី រួចនិរទេសចេញពីនគរ ហើយលើកបុត្រាបន្ទាប់ព្រះនាម Li Dan ហៅអធិរាជ Ruizong ឡើងគ្រងរាជបន្ត។ តែមិនបានប៉ុន្មាន ហាក់ការគ្រប់គ្រងប្រទេសមិនពេញចិត្តខ្លួន អ៊ូ ម៉ីនាង បានទម្លាក់បុត្រខ្លួនពីរាជសម្បត្តិម្តងទៀតនៅក្នុងឆ្នាំ ៦៩០ រួចឡើងគ្រងរាជ្យដោយខ្លួនឯងតែម្តង ដោយដាក់ឈ្មោះខ្លួនឯងថា សឺធៀន ( Zetian) មានន័យថា ម្ចាស់ច្បាប់នៅក្រោមមេឃ ឈ្មោះថា រាជវង្សចូវ។

៦. តាំងខ្លួនជាព្រះ

ការធ្វើជាអធិរាជនៃរាជវង្ស ចូវ (Zhou) មិនទាន់ស្កប់ចិត្ត អ៊ូ ម៉ីនាងនោះឡើយ នាងបានដាក់បញ្ជា ឱ្យគេសាងសង់រូបសំណាក់ព្រះពុទ្ធ Maitreya ដែលមានរូបរាង មុខមាត់ដូចជានាង និងតាំងនាមខ្លួនឯងដូចជាព្រះជាម្ចាស់ ដើម្បីឱ្យប្រជារាស្រ្តទូទាំងនគរគោរពនាង ដូចជាព្រះរស់។

៧. មានជំនឿឆ្វេងនិយម

– ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ូ ម៉ីនាង បានចាប់មន្ត្រីជាច្រើននាក់ដាក់គុក និងប្រហារជីវិតជាបន្តបន្ទាប់ នៅពេលដែលមានអ្នកហ៊ានប្រឆាំង និងមិនស្តាប់បញ្ជានាង។ ជាពិសេសរាល់ពេលមានអ្នកហ៊ាននិយាយថានាងមិនស័ក្តសមជាស្តេចផែនដី ព្រោះតែមានគ្រោះធម្មជាតិបន្តបន្ទាប់ នាងបានខឹងសម្បារជាខ្លាំង រួចដាក់ទោសជននោះយ៉ាងធ្ងន់ធ្ងរ។

៨. បង្កើតដំណាក់ស្នំប្រុស

– ក្រោយឡើងធ្វើជា ស្តេចផែនដី និងមានអំណាចពេញដៃ អ៊ូ ម៉ីនាង មិនត្រឹមតែចាប់ផ្តើមកាន់តែកាចសាហាវជាងមុន តែនាងក្លាយជាស្ត្រីមានតណ្ហាក្រាស់ណាស់ រហូតកោះហៅប្រុសៗក្មេងៗមករួមដំណេក ជាពិសេសគឺព្រះសង្ឃក្លែងក្លាយសំណព្វចិត្តម្នាក់ឈ្មោះ Huaiyi ។

– ព្រោះតែរឿងរ៉ាវអាស្រូវស្នេហាជាមួយនឹងបណ្តាប្រុសៗជាច្រើន បានធ្វើឱ្យនាង ខូចឈ្មោះ ធ្លាក់ចុះអំណាច និងបាត់បង់ទំនួលខុសត្រូវក្នុងការគ្រប់គ្រងប្រទេសជាតិ ដោយការសប្បាយភ្លើតភ្លើនភ្លេចខ្លួន រហូតដល់បណ្តាមន្ត្រីរបស់នាងចាប់ផ្តើមរួមគ្នាទម្លាក់នាងពីរាជសម្បត្តិនៅក្នុងឆ្នាំ ៧០៥ និងបានសម្លាប់បណ្តាស្នំប្រុសៗរបស់នាងចោលអស់។

– ក្រោយការទម្លាក់ អ៊ូ ម៉ីនាង បុត្រារបស់នាងគឺស្តេច Zhongzong បានគ្រងរាជសម្បត្តិម្តងទៀត ហើយរាជវង្សចូវរបស់ អ៊ូ ម៉ីនាង ផ្តើមត្រឹមនាង ហើយបញ្ចប់ក៏ត្រឹមនាងតែម្នាក់ប៉ុណ្ណោះ។ អ៊ូ ម៉ីនាង បានចូលនិវត្តន៍ និងប្រើជីវិតរស់នៅធម្មតា រហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ ៨០ ឬ ៨១ឆ្នាំ។

៩. ពូកែគ្រប់គ្រេងប្រទេស ថែមទាំងទទួលបានការគោរពស្រលាញ់ពីស្ត្រី និងមនុស្សទូទៅ

– ព្រោះតែទេពកោសល្យ និងភាពឆ្លាតវៃ របស់អ៊ូម៉ីនាង ថែមទាំងសិក្សាពីការគ្រប់គ្រងរបស់អតីតអធិរាជ ថៃចុងទៀតនោះ ក្រោមការគ្រប់គ្រងរបស់អ៊ូ ម៉ីនាង ប្រជារាស្រ្តរស់នៅបានយ៉ាងសុខសាន្តណាស់ ដោយ អ៊ូ ម៉ីនាងបានកសាងកន្លែងសំខាន់ៗដូចជាប្រព័ន្ធធារាស្រ្ត ជួយប្រជាជនគ្មានទីពឹង បន្ថយពន្ធដល់កសិករ និងជនក្រីក្រផងដែរ។ អ្វីដែលពិសេស នៅក្នុងរាជកាលរបស់អ៊ូ ម៉ីនាង ស្ត្រីទទួលបានការសិក្សា និងអប់រំ ថែមទាំងអាចមានសិទ្ធស្មើបុរស អាចធ្វើការងាររាជការ ធ្វើនយោបាយ ជាអ្នកដឹកនាំ អ្នកនិពន្ធ និងតំណែងសំខាន់ៗបានទៀតផង។

ហេតុនេះហើយ ក្រោមការគ្រប់គ្រងរបស់នាងធ្វើឱ្យប្រជារាស្រ្តរស់នៅសម្បូរសប្បាយ ដែលជាហេតុធ្វើឱ្យនាងជាអធិរាជស្រីដែលមានរាស្រ្តសាមញ្ញ និងរាស្ត្រក្រីក្រគោរពស្រលាញ់ជាងអធិរាជណាៗទាំងអស់។

១០. ផ្នូរនាងទទេរស្អាត

– ទោះបីជា អ៊ូ ម៉ីនាង គឺជាអធិរាជស្រីដែលធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយ និងរីកចម្រើនយ៉ាងណាក៏ដោយ តែពួកមន្ត្រី និងមនុស្សមួយចំនួនជាពិសេសមនុស្សប្រុស មិនដែលចាត់ទុកនាងជាអធិរាជម្តងណាឡើយ គឺពួកគេចាត់ទុកនាងត្រឹមតែជាស្រីស្នំរបស់អធិរាជតែប៉ុណ្ណោះ (Dowager empress) ។

ជាពិសេសក្រោយពីនាងបានស្លាប់ទៅ ផ្ទាំងថ្មទីបញ្ចុះសពរបស់នាង ត្រូវបានគេទុកឱ្យទទេរស្អាតដោយមិនមានចារជាអក្សរអ្វីទាំងអស់ខុសពីស្តេចជំនាន់មុន ដោយគេយល់ថានាងមានកេរ្តិ៍ឈ្មោះមិនស្អាតស្អំ ឬជាស្រីពេស្យានៅពេលដែលនៅរស់។

#គំនិតផ្ទាល់ខ្លួន៖ ក្រោមការគ្រប់គ្រងរបស់ អ៊ូ ម៉ីនាង ប្រទេសពិតជាសម្បូរសប្បាយខ្លាំងណាស់ ប្រវត្តិសាស្រ្តសរសេរដោយមនុស្ស ពេលខ្លះប្រវត្តិសាស្រ្តអាចនឹងត្រូវបានកែប្រែដោយហេតុផលជាក់លាក់ណាមួយ ឬអាចថាប្រទេសចិនជាប្រទេសដែលមិនឱ្យតម្លៃស្ត្រី ដូច្នេះការដែលស្ត្រីឡើងគ្រងរាជសម្បត្តិធ្វើឱ្យកិត្តិយសប្រុសៗប្រទេសចិនមានភាពឱនចុះ។ អាចទេ ប្រវត្តិពិតរបស់អ៊ូ ម៉ីនាង ត្រូវបានគេកែប្រែ? អាចទេ ឈ្មោះជាស្ត្រីដ៏ឃោរឃៅបំផុតរបស់ប្រទេសចិន គឺជាការកែប្រែប្រវត្តិសាស្រ្ត? ឬអាចទេ ការដែលធ្វើឱ្យ អ៊ូ ម៉ីនាង ក្លាយជាស្ត្រីឃោរឃៅផ្តាច់ការបណ្តាលមកពីនាងជួបនឹងអយុត្តិធម៌ ត្រូវបានគេធ្វើបាបបោកប្រាស់ច្រើននៅក្នុងរាជវាំង?

ដោយ 🔥Admin_Scarlet W. 🔥(រក្សាសិទ្ធដោយ ពោតផ្ទុះ-PopcornKh)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា